ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ យើងរួមគ្នាប្រកៀកស្មាការពារជាតិ គាំពារសុវត្ថិភាពជូនពលរដ្ឋ និងប្រឆាំងព័ត៌មានក្លែងក្លាយ! ចេញផ្សាយថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបង្ហោះសារតាមរយៈផេកហ្វេសប៊ុក និងឆានែលតេឡេក្រាមផ្លូវការ ក្រោមចំណងជើងថា “យើងរួមគ្នាប្រកៀកស្មាការពារជាតិ គាំពារសុវត្ថិភាពជូនពលរដ្ឋ និងប្រឆាំងព័ត៌មានក្លែងក្លាយ” ដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា ៖ ក្នុងស្ថានភាពដែលកម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលការពារព្រំដែន កំពុងអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ នយោបាយនៃកម្ពុជា កំពុងដឹកនាំបញ្ជាប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិពីការឈ្លានពានរបស់បច្ចាមិត្តយ៉ាងអង់អាចនោះ ជាថ្មីម្ដងទៀត ខ្ញុំសូមឱ្យឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំរដ្ឋបាលរាជធានី-ខេត្ត ទាំងជាប់ព្រំដែន និងពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់និងជាអាទិភាពបំផុតលើស្មារតីប្រកៀកស្មាគាំទ្រកម្លាំងកងយុទ្ធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ធានាគាំពារសុវត្ថិភាព ផ្គត់ផ្គង់ស្បៀងអាហារ ថ្នាំសង្កូវ ជម្រក ព្រមទាំងសេវាបម្រើជីវភាពប្រចាំថ្ងៃនានាជូនប្រជាពលរដ្ឋ ដែលភៀសខ្លួនពីតំបន់ចាប់ផ្ដើមវាយប្រហារដោយភាគីថៃ មុនមកលើកម្ពុជា ឱ្យបានសមស្របនិងភាពកក់ក្ដៅ។ ទន្ទឹមនេះ សូមបន្តយកចិត្តទុកដាក់សម្របសម្រួលគាំទ្រជូនប្រជាពលរដ្ឋ ដែលចាកចេញពីប្រទេសថៃ មកវិញឱ្យបានទៅស្រុកកំណើត ប្រកបដោយសុវត្ថិភាព និងធានាឱ្យបានជាប្រក្រតីនូវសេវាសាធារណៈ ទាំងសេវាចាំបាច់ និងសេវាតម្រូវការនានា។

ជាមួយគ្នានេះ សូមអាជ្ញាធររដ្ឋបាលដែនដី និងកងកម្លាំងគ្រប់មូលដ្ឋានក្របខណ្ឌក្រសួងមហាផ្ទៃ និយាយដោយឡែក និងជាទូទៅ សូមចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយ ឱ្យបានដឹង និងជ្រាបនូវព័ត៌មានពិត ដែលចេញផ្សាយ ឬបញ្ជាក់ដោយរាជរដ្ឋាភិបាល ឬពីអ្នកនាំពាក្យតំណាងក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈ ហើយចៀសវាងការផ្សព្វផ្សាយ ឬចូលរួមចែករំលែកព័ត៌មានមិនពិត ព័ត៌មានដែលធ្វើឱ្យប៉ះពាល់ដល់ការសម្ងាត់ជាតិ កិច្ចការកងទ័ព និងកិច្ចការនគរបាលការពារព្រំដែន ជាដើម។

ជាងនេះទៅទៀត សូមមន្ត្រីនគរបាល និងមន្ត្រីរដ្ឋបាលដែនដីគ្រប់ថ្នាក់ ដែលបាននិងកំពុងបំពេញភារកិច្ចតាមគោលដៅជាយុទ្ធសាស្ត្រ ជាអាទិ៍ សមរភូមិវាយប្រយុទ្ធ ទីតាំងឈរជើងរបស់កងកម្លាំង ឬព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងសកម្មភាពកងកម្លាំងនៅតំបន់ជួរមុខ ត្រូវប្រកាន់ខ្ជាប់ជាដាច់ខាត រក្សាការសម្ងាត់ ដោយមិនត្រូវបង្ហោះរូបភាព វីដេអូ ឬសារសំឡេងណាមួយដែលគ្មានគោលការណ៍អនុញ្ញាតពីថ្នាក់ដឹកនាំ ឬចែករំលែករូបភាព ខ្លឹមសារសំណេរ វីដេអូ ដែលគ្មានប្រភពច្បាស់លាស់ ឬដែលមានកម្មវត្ថុបង្កឱ្យមានការភាន់ច្រឡំ ប៉ះពាល់ដល់ផលប្រយោជន៍ជាតិ។

ជាថ្មីម្ដងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីនៃវត្ថុស័ក្ដិសិទ្ធទាំងឡាយក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ ដួងវិញ្ញាណក្ខន្ធបុព្វបុរស វីរជន មេទ័ពខ្មែរគ្រប់ជំនាន់ តាមឃុំគ្រងអភិបាលរក្សាកម្លាំងកងយោធពលខេមរភូមិន្ទ កម្លាំងនគរបាលការពារព្រំដែន និងប្រជាពលរដ្ឋតាមព្រំដែន បានប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យគ្រប់សមរភូមិប្រយុទ្ធ។

ខ្ញុំក៏សូមជូនពរ និងផ្ដល់ការលើកទឹកចិត្តខ្ពស់បំផុតចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអភិបាលរាជធានី ខេត្ត ជាពិសេសខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ស្នងការនៃស្នងការដ្ឋាននគរបាល មេបញ្ជាការនគរបាលការពារព្រំដែនគោក អធិការដ្ឋាននគរបាល ប៉ុស្តិ៍នគរបាលរដ្ឋបាល នគរបាលអន្តោប្រវេសន៍តាមបណ្ដាច្រកទ្វារព្រំដែន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែលរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែន សូមបានប្រកបដោយសេចក្ដីសុខ សុវត្ថិភាព និងទទួលបានជោគជ័យគ្រប់បេសកកម្ម និងភារកិច្ចបម្រើបុព្វហេតុជាតិ និងប្រជាជន ក្រោមដំបូលរាជរដ្ឋាភិបាលដ៏ជាយជ័យ៕