តើការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែ មន្ត្រីជំនាញពាក់ព័ន្ធបានចុះពិនិត្យ និងអនុញ្ញាតបានត្រឹមត្រូវដែរឬទេ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥

សៀមរាប ៖ ប្រភព​ព័ត៌មានច្បាស់ការបាន​ឱ្យដឹងថា លោកសេង មង្គល បានធ្វើសកម្មភាពឈូសឆាយព្រៃលិចទឹកយកអាចម៍​ដី​លក់​យ៉ាង​អាណាធិបតេយ្យ​អស់ជាច្រើនឆ្នាំមកហើយ ក្រោម​លេស​ស្តារអាងទឹក ហើយករណីនេះដែរ គេនៅមិនទាន់ឃើញជំនាញពាក់ព័ន្ធក្នុងខេត្តសៀមរាប ចុះទៅទប់ស្កាត់បង្ក្រាបនៅឡើយទេ ប្រជាពលរដ្ឋនៅតំបន់នោះបានដាក់ការសង្ស័យថាមន្ត្រីជំនាញខ្លះៗទទួល​លាភសក្ការៈទេដឹង បានមិនចុះបង្ក្រាបឬទប់ស្កាត់ ។

ក្រុម​ពលរដ្ឋដែលធ្វើស្រែជាប្រចាំនៅតំបន់នោះ បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ដី​ដែល​ឈ្មោះសេង មង្គល ឈូសឆាយព្រៃ គឺជាឃ្លាំងស្តុកទឹកសម្រាប់ស្រោចស្រព្វស្រែប្រាំង។ ឃ្លាំងទឹកនេះ បានបង្កើតឡើងតាំងពីឆ្នាំ១៩៧៨មកម្ល៉េះ ហើយ​ក៏​មិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់នោះដែរ។ ក្រៅ​ពី​ផ្តល់​ប្រភព​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំស្រូវ ឃ្លាំងទឹកទំនប់៧៨នេះ ក៏​ជា​ជម្រក​ត្រី​ពង​និង​កូន ត្បិត​ទី​នោះ​ហ៊ុមព័ទ្ធ​ដោយ​ដើម​ឈើ​ប្រភេទ​ព្រៃលិចទឹក ដែលការពារដោយមន្ទីរជំនាញ និងពលរដ្ឋក្នុងតំបន់នោះ។

ប្រភព​បាន​បន្ត​ថា ក្នុង​រយៈពេល​កន្លង​មក​នេះ ក៏​ស្រាប់​តែ​ឃើញ គ្រឿង​ចក្រ​ជា​ច្រើន របស់​ឈ្មោះ​ សេង មង្គល បាន​ចូល​មក​ជីក​កាយ​ហ៊ុមព័ទ្ធ​ធ្វើ​ជា​ក្រវាត់ ហើយ​ឈូសឆាយ​ព្រៃ ជីក​យក​ដី​ដឹក​ចេញ​យ៉ាង​គគ្រឹកគគ្រេង តែមិនឃើញមានខាងណាមកហាមឃាត់ឡើយ   មិន​ដឹង​ច្បាស់ថា គេជីកធ្វើស្រះទុកចិញ្ចឹមត្រី របស់​ក្រុមហ៊ុន ឬយ៉ាងណានោះទេ តែឮតៗគ្នាថា គេស្តារអាងទឹក។

ក្រុមពលរដ្ខបន្ថែមថា មិនខ្វល់ថា គេធ្វើអ្វីនោះទេ សម្រាប់ពួកគាត់ចង់​ឱ្យ​ថ្នាក់ខេត្ត និងមន្ទីរជំនាញរក្សាទីនោះ​ឱ្យនៅភាពដដែល ដើម្បីជាប្រយោជន៍រួម ពីព្រោះថា កន្លងមកមានកន្លែងខ្លះ ក្រោយពេលគេជីកកើតជាស្រះហើយ គេហាមឃាត់មិន​ឱ្យពលរដ្ឋទៅក្បែរឡើយ។

ហេតុដូច្នេះ សូមសំណូមពរដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធ មេត្តាបញ្ឈប់សកម្មភាពឈូសឆាយព្រៃ ជីកយកអាចម៍ដី ដោយរក្សាតំបន់នោះនៅដដែល។

ជាមួយនឹងការដាក់គ្រឿងចក្រឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដី របស់ឈ្មោះសេង មង្គល ដែលបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ និងកំពុង​បង្កការ​ភ័យខ្លាចដល់ពលរដ្ឋរាប់រយគ្រួសារ​បែបនេះ​អភិបាលរងក្រុងសៀមរាប លោក ហាយ យង់ បានថ្លែងតាមប្រព័ន្ធតេឡេក្រាម ប្រាប់អ្នកសារព័ត៌មានថា ការជីកស្តារនោះ កន្លងទៅ មានអាជ្ញាប័ណ្ណ តែមិនដឹងថាពេលនេះ ក្នុងអាជ្ញាបណ្ណនោះ កាយបានកំរិតណា ឬក៏អស់ហើយនោះទេ។

មន្ត្រីជំនាញនៃអាជ្ញាធរខេត្តសៀមរាប បានបង្ហើបថា ការធ្វើអាជីវកម្មជីកយកអាចម៍ដីលក់ គឺច្បាប់បានតម្រូវ​ឱ្យចំនួនមួយច្បាប់សម្រាប់មួយហិកតា តែសម្រាប់ក្រុមហ៊ុនជីកអាចម៌ដីលក់នោះ បានរៀបចំទុកជាមុន រាប់សិបហិកតា រួចហើយជាស្រេច ក្នុងនោះក៏មានជាប់ពាក់ព័ន្ធនិងព្រៃលិចទឹកផងដែរ។

មន្ត្រីដដែលបន្តថា ខាងក្រុមហ៊ុន មិនមានច្បាប់អនុញ្ញាត​ឱ្យ​ជីកកាយព្រៃលិចទឹកនោះទេ អាជ្ញាបណ្ណ​របស់​ក្រុមហ៊ុនជីកអាចម៍ដីលក់ ក្នុងចំណុចដីវាល គឺដីដែលគ្មានព្រៃ​។ ដូច្នេះឈ្មោះ សេង មង្គល ដែលកំពុងជីកកាយរាប់សិបហិកតានោះមិនដឹងថា មានច្បាប់វាយព្រៃលិចទឹក ដែរឬយ៉ាងណា?

ក្រុម​អ្នក​ព័ត៌មាន ដែលបានចុះទៅផ្តិតយករូបភាពផ្ទាល់ មិនត្រូវបានផ្តល់ព័ត៌មានជាក់លាក់ និងអនុញ្ញាត​ឱ្យ​ចូលដល់រណ្តៅដីនោះទេ ដោយមានការរារាំងពីក្រុមមនុស្សរបស់ឈ្មោះ សេង មង្គល ដែលនៅយាមកាមនៅទីនោះ។ ដូច្នេះយើងមិនអាចសន្និដ្ឋានបានថា ការ​ជីក​យក​អាចម៍​ដីនោះ មានច្បាប់ឬអត់ ហើយប្រសិនបើមានក៏មិនដឹងថា ត្រឹមត្រូវដែរឬអត់។

ចំណែកព្រៃឈើលិចទឹកដែល រងការឈូសឆាយបំផ្លាញ ក៏មិនដឹងថា អស់ចំនួនប៉ុន្មាននោះដែរ តែបើមើលពីចំងាយឃើញថា ព្រៃឈើទាំងនោះក្លាយជាវាលរហោឋានទៅហើយ។

ទោះជាយ៉ាងណា ក្រុម​ពលរដ្ឋក៏ដូចជាមហាជនក្នុងខេត្តសៀមរាប ទទូច​សុំ​ឱ្យមន្ទីរជំនាញនិងថ្នាក់លើពិចារណា រក្សាព្រៃលិចទឹកដែលនៅសេសសល់ កុំ​ឱ្យឈ្មួញឈ្មោះ សេង មង្គល ឈូសបំផ្លាញតទៅទៀត។

ជុំវិញករណីនេះដែរ នៅរសៀលថ្ងៃទី២៤ខែមេសាឆ្នាំ២០២៥នេះ អង្គភាព ថ្ងៃថ្មី មិនអាចសុំការបំភ្លឺពីលោក សេង មង្គល ដែលជាអ្នកឈូសឆាយព្រះរាជទឹក​នៅភូមិសាស្ត្រសង្កាត់ស្រង៉ែ ក្រុងសៀមរាប បាននៅឡើយទេ។

សូម​រំលឹកថា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី ៣ ខែមេសាឆ្នាំ ២០២៥ អភិបាលខេត្តសៀមរាប លោកប្រាក់ សោភ័ណ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ លើបុគ្គល​ដែល​នៅតែ​បំពានរានដីព្រៃលិចទឹកតំបន់៣ ហើយ​ចំពោះ​បុគ្គលណានៅ​តែបំពានរានដីព្រៃលិចទឹក​តំបន់បី​ត្រូវធ្វើការផ្តន្ទាទោសទៅតាមច្បាប់៕