សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងផែរាម ខេត្តព្រះសីហនុ ចេញផ្សាយថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥

ព្រះសីហនុ៖ ក្រោយជម្នះឧបសគ្គ ការរារាំង និងការចោទប្រកាន់នានាពីបណ្តាប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិកនោះ នៅពេលសមិទ្ធផលជាច្រើននៃការធ្វើទំនើបកម្មមូលដ្ឋានទ័ពសមុទ្ររាម, មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងផែរាម ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។

ពិធីសម្ពោធត្រូវបានរៀបចំធ្វើឡើងយ៉ាងមហោឡារិកនាព្រឹកថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

មូលដ្ឋានសមុទ្ររាម ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជា ទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ដោយមានឈ្មោះដើមថា «មូលដ្ឋានសមុទ្រកងទ័ពជើងទឹក»។ លុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចប្តូរឈ្មោះទៅជា «មូលដ្ឋានសមុទ្ររាមកងជើងទឹក»។ មូលដ្ឋានសមុទ្ររាម គឺជាមូលដ្ឋានមួយនៃកងទ័ពជើងទឹក ប្រើប្រាស់សម្រាប់កិច្ចការគ្រប់គ្រងសន្តិសុខលើលំហសមុទ្ររបស់កម្ពុជា។

បើទោះបីមូលដ្ឋានសមុទ្ររាម ត្រូវបានប្រើប្រាស់គ្រប់សម័យកាលនៃការដឹកនាំរដ្ឋបាលរបស់កម្ពុជាជាបន្តបន្ទាប់យ៉ាងណាក្តី តែសមត្ថភាពនៃការប្រើប្រាស់មូលដ្ឋានសមុទ្ររាម គឺស្ថិតក្នុងលក្ខខណ្ឌមួយមិនល្អប្រសើរនោះឡើយ។

ដើម្បីលើកកម្ពស់សមត្ថភាពមូលដ្ឋានសមុទ្ររាមឱ្យកាន់តែខ្ពស់ក្នុងប្រតិបត្តិការលើកិច្ចការរក្សាសន្តិសុខ និងកិច្ចការការពារបូរណភាពទឹកដីនោះ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានចុះកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការលើការកសាង និងប្រើប្រាស់នូវមជ្ឈមណ្ឌល ភស្តុភារ និងហ្វឹកហ្វឺនរួមគ្នានៅផែរាម។ ក្រុមការងារបច្ចេកទេសប្រទេសទាំងពីរ បានសហការយកចិត្តទុកដាក់ ក្នុងការស្រាវជ្រាវ សិក្សាពីស្ថានភាពទីតាំងភូមិសាស្ត្រ ស្ថានភាពដី ទឹក បរិស្ថានជុំវិញ និងដំណើរការវាស់វែង កំណត់ទីតាំងប្លង់មេ ដើម្បីដំណើរការសាងសង់។

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារទាំងពីរ បាន រៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា «Drydock (អ៊ូ) Slipway (រ៉ៃ) ផែ សំចត និងស្ដារ ឃ្លង» ក្នុងមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

សូមរំលឹកថា ក្នុងដំណាក់កាលនៃការចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានានៃការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមនេះ បានរងនូវកម្លាំងព្យុះរារាំងយ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិក។ អាមេរិក និងបណ្តាប្រទេសម្ព័ន្ធមិត្តមួយចំនួនផង បាននាំគ្នាចោទប្រកាន់ថា កម្ពុជាបានប្រគល់មុលដ្ឋានសមុទ្ររាមឱ្យចិនយកទៅធ្វើជាមូលដ្ឋានទ័ព។

ការចោទប្រកាន់ទាំងនេះ បានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីការពារជាតិ បានចេញមកពន្យល់ និងបំភ្លឺជាបន្តបន្ទាប់ លើគោលបំណង និងគោលដៅនៃការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម។

បើទោះបីរងការព្យាយាមរារាំងខ្លាំងក្លាយ៉ាងណាក្តី ក៏កម្ពុជាមិនបញ្ឈប់ការអភិវឌ្ឍមូលដ្ឋានសមុទ្ររាម ដើម្បីពង្រឹងខឿនការពារជាតិនោះឡើយ។ ក្រោមការជួយជ្រោមជ្រែងរបស់មិត្តចិន ការសាងសង់នូវសមិទ្ធផលនានាត្រូវបានធ្វើឡើងជាបន្តបន្ទាប់រហូតសម្រេចបានលទ្ធផល១០០ភាគរយ នៅឆ្នាំ២០២៥។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា សមិទ្ធផលដែលបានសាងសង់រួចរាល់នោះមានដូចខាងក្រោម៖

* ផ្នែកសំណង់ទីតាំងមូលដ្ឋានសមុទ្ររាម បានសាងសង់សំណង់អគារថ្មី និងជួសជុលអគារចាស់ៗមានដូចជា៖ សាងសង់ផែលេខ១ មានប្រវែងសរុបចំនួន៦៥០ម៉ែត្រ ចែកចេញជា២ផ្នែក «ផ្នែកទី១» គល់ផែប្រវែង ៣០០ ម៉ែត្រ ទទឹង ១២ម៉ែត្រ និង «ផ្នែកទី២» តួផែ ប្រវែង៣៥០ម៉ែត្រ និងទទឹង ៣០ម៉ែត្រ មានប៉ុស្តិ៍យាមចំនួន២ និងផែលេខ២ ដែលជាផែស្ងួត មានប្រវែងបណ្តោយ២៧០ម៉ែត្រ ទទឹង២០ម៉ែត្រ។

សាងសង់ អ៊ូ ៥,០០០តោន «Dry dock» និងរ៉ៃ ១,០០០តោន «Slip way», សាងសង់អគារចំនួន៨ខ្នង (អគារស្នាក់នៅ៥ខ្នង និងអគារការិយាល័យ៣ខ្នង), អគារទទួលភ្ញៀវ ៤៩បន្ទប់ ទំហំ៣,១៦១ម៉ែត្រការ៉េ, អគារសាលប្រជុំ និងបានបំពាក់សម្ភារៈតាមអគារនីមួយៗ។

* ការងារកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមមាន ស្ថានីយផ្គត់ផ្គង់ អគ្គិសនី ១ខ្នង, ស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាត១ខ្នង និងស្ថានីយចម្រោះទឹកកខ្វក់១ខ្នង, សាងសង់ទីលានសម្រាប់ហ្វឹកហ្វឺនរួមគ្នា «បោះតង់» និងទីលានចុះចតឧទ្ធម្ភាគចក្រ, សាងសង់របងព្រំដីភាគខាងត្បូង, ក្លោងទ្វារខាងកើត, ផ្លូវបេតុង១ខ្សែ ចាប់ពីក្លោងទ្វារខាងកើត ដល់ផែលេខ១ ប្រវែង៦៩០ម៉ែត្រ។