ដឹងពីការងារ ជំទប់ ចៅសង្កាត់រង និងសមាជិកឃុំ សង្កាត់  ចេញផ្សាយថ្ងៃអង្គារ៍ ទី២៨ ខែមករា ឆ្នាំ២០២៥

ជំទប់ ឬចៅសង្កាត់រងជាជំនួយការរបស់មេឃុំ ចៅសង្កាត់ក្នុងការអនុវត្តភារកិច្ចដែលមេឃុំ ចៅសង្កាត់ប្រគល់ឱ្យនិងជំនួសមេឃុំ ចៅសង្កាត់ទៅតាមឋានានុក្រមនៃជំទប់ ចៅ សង្កាត់រង ទី១ និងទី២ នៅពេលដែលមេឃុំ ចៅសង្កាត់អវត្តមាន។ នេះបើតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០០១។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក បណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា ជំទប់ទី ១ ឬចៅសង្កាត់រងទី១ មានភារកិច្ចជួយមេឃុំ ចៅសង្កាត់លើកិច្ចការ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បំពេញការងារជាមេឃុំ ចៅសង្កាត់ស្តីទី ក្នុងករណីដែលមេឃុំ ចៅសង្កាត់អវត្តមាន ព្រមទាំងបំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់របស់មេឃុំ ចៅសង្កាត់។

ដោយចំពោះជំទប់ទី២ ចៅសង្កាត់រងទី២ លោកបណ្ឌិតបន្ដថា មានភារកិច្ចជួយមេឃុំ ចៅសង្កាត់លើការងារផ្នែករដ្ឋបាល សេវាសង្គមកិច្ច សេវាសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈបំពេញការងារជាមេឃុំ ចៅសង្កាត់ស្តីទី ក្នុងករណីដែលមេឃុំ ចៅសង្កាត់និងជំទប់ទី១ ចៅសង្កាត់រងទី១អវត្តមាន ព្រមទាំងបំពេញភារកិច្ចមួយចំនួនទៀតទៅតាមការប្រគល់របស់មេឃុំ ចៅសង្កាត់។

ផ្អែកតាមច្បាប់ដដែល សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គឺមានតួនាទីដ៏សំខាន់ក្នុងការធានាថាសហគមន៍មានការរីកចម្រើន និងមានសន្តិភាព ដោយផ្អែកលើសេវាដែលមានគុណភាព និងការចូលរួមសកម្មពីសំណាក់ប្រជាពលរដ្ឋ និងទទួលបន្ទុបម្រើប្រជាជនក្នុងបរិវេណសហគមន៍របស់ខ្លួន។ សមាជិកឃុំ សង្កាត់មានតួនាទី និងភារកិច្ចជាអាទិ៍មាន បែងចែកធនធានសាធារណៈ ដូចជាទឹកស្អាត ផ្លូវ និងអគារសាធារណៈ រៀបចំ និងអនុវត្តគម្រោងអភិវឌ្ឍន៍សហគមន៍ ផ្សព្វផ្សាយ និងពង្រឹងការចូលរួមពីសំណាក់ប្រជាជន ធានាការអនុវត្តច្បាប់ក្នុងសហគមន៍ និងចូលរួមសម្របសម្រួលដោះស្រាយជម្លោះក្នុងសហគមន៍។

ក្រៅពីនេះ ពួកគាត់ក៏ទទួលភារកិច្ច អនុវត្តន៍សេចក្តីសម្រេច និងច្បាប់ស្តីពីការគ្រប់គ្រងទូទៅក្នុងសហគមន៍ ផ្តល់សេវាដល់ប្រជាជន រៀបចំសេចក្តីព្រាង និងការអនុវត្តគោលនយោបាយបច្ចេកទេសដែលសាកសមនឹងតម្រូវការប្រជាជន ផ្ដល់សិទ្ធិចូលរួម និងតំណាងប្រជាជនក្នុងការប្រាស្រ័យទាក់ទងជាមួយរដ្ឋាភិបាលជាតិ ធានាសិទ្ធិ និងសម្លេងប្រជាជន គ្រប់គ្រងថវិកាសាធារណៈដែលប្រើសម្រាប់សហគមន៍ដោយមានការដោយការខុសត្រង់ និងប្រកបដោយសុចរិតភាព៕