លោកឧបនាយករដ្ឋមន្ដ្រី ស សុខា លើកទឹកចិត្តឱ្យមានការវិនិយោគសាងសង់ផ្ទះលក់ជូនមន្ដ្រីរាជការក្នុងតម្លៃសមរម្យ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យលទ្ធភាពលើកទឹកចិត្ត ជំរុញឲ្យអ្នកវិនិយោគបណ្ដាក់ទុនសាងសង់ផ្ទះដែលមានតម្លៃសមរម្យ សម្រាប់លក់ជូនមន្ដ្រីរាជការ។ ការណែនាំដូចនេះ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

បើតាមលោកឧបនាយករដ្ឋមន្ដ្រី ស សុខា ក្នុងករណីផ្ទះដាក់លក់ត្រឹមតម្លៃចន្លោះ២ ទៅ៣ម៉ឺនដុល្លារ មន្ដ្រីរាជការដែលមានប្រាក់បៀវត្ស៍ចន្លោះ ១លានកន្លះ ទៅ២លានរៀល អាចនឹងមានលទ្ធភាពក្នុងការបង់រំលស់។ ទន្ទឹមនេះលិកលើកទឹកចិត្តឲ្យវិស័យឯកជន ពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្ទះប្រភេទនេះ ហើយរដ្ឋក៏ពិនិត្យលទ្ធភាពក្នុងការអនុគ្រោះកម្រិតណាមួយ ដើម្បីឲ្យគម្រោងនេះចេញជារូបរាងឡើង។

លោកក៏បានណែនាំឲ្យរដ្ឋបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវពិនិត្យឡើងវិញចំពោះទីតាំងដីដែលផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនវិនិយោគហើយ ប៉ុន្ដែក្រុមហ៊ុននោះមិនទាន់កសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីអភិវឌ្ឍន៍ទីតាំងដែលខ្លួនទទួលបានសិទ្ធិ។ ប្រសិនបើក្រុមហ៊ុនមួយទទួលបានអាជ្ញាប័ណ្ណ ហើយទុកដីឲ្យនៅទំនេរក៏ជះឥទ្ធិពលមិនល្អសម្រាប់ការរៀបចំផែនការអភិវឌ្ឍដូចគ្នា៕