
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថានៅក្នុងនីតិកាលទី៧ នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់គោលការណ៍ណែនាំធ្វើយ៉ាងណាឱ្យបញ្ចប់នូវភាពចម្រូងចម្រាស់ក្នុងសង្គមជាតិទាក់ទិននឹងវិស័យដីធ្លី ចេញផ្សាយថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
រាជធានីភ្នំពេញ ÷ នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថានៅក្នុងនីតិកាលទី៧ នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់គោលការណ៍ណែនាំធ្វើយ៉ាងណាឱ្យបញ្ចប់នូវភាពចម្រូងចម្រាស់ក្នុងសង្គមជាតិទាក់ទិននឹងវិស័យដីធ្លី ដូច្នេះយើងក៏បានរៀបចំគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅក្នុងសង្គមជាតិទាំងមូលនិងរៀបចំប្រទេសឱ្យកាន់តែល្អប្រសើរជាងមុន។
ឯកឧត្តមបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមជាមួយក្រុមការងារមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរក្នុងការដោះស្រាយបញ្ហាដីធ្លីដែលមានភាពចម្រូងចម្រាស់រហូតទទួលបានប័ណ្ណកម្មសិទ្ធិនាពេលនេះនិងជម្រះនូវភាពសៅហ្មងទាក់ទិននឹងបញ្ហាដីធ្លីនេះកុំឱ្យអូសបន្លាយពេលវេលាតទៅមុខទៀត។ដោយសារតំបន់នេះមានទីតាំងខ្លះជាទីតាំងបុរាណដ្ឋានដូច្នេះមានលក្ខណៈស្មុគស្មាញខ្លះពីព្រោះយើងត្រូវគិតគូរអំពីការរក្សាមរតកដូនតាផងនិងធានាបាននូវសុវត្ថិភាពក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋផង។
ឯកឧត្តម បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវយុទ្ធសាស្ត្រ ៦ ចំនុច ដើម្បីបង្កើតបរិយាកាសគ្មានវិវាទសំរាប់ប្រជាពលរដ្ឋគឺ ទី១៖ ត្រូវចុះបញ្ជីដីធ្លីបង្ហើយនៅទូទាំងប្រទេសអោយបានចប់សព្វគ្រប់ បញ្ចប់វិវាទ ផ្ដល់នូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ ទី២៖ បញ្ហាវិវាទដីធ្លីគឺជារឿងដែលបន្សល់ទុកឱ្យតជំនាន់ ប៉ុន្តែយើងត្រូវរួមគ្នាដោះស្រាយបញ្ចប់អោយអស់ស្របតាមបច្ចេកទេសសុរិយោដីនិងគោលការណ៍ច្បាប់ ទី៣៖ ផ្ដល់សេវាគាប់ចិត្តដល់ប្រជាពលរដ្ឋមានភាពងាយស្រួលដែលអាចប្រើប្រាស់រាល់សេវានានារបស់ក្រសួងតាមរយៈប្រព័ន្ធអនឡាញ ទី៤៖ ត្រូវថែរក្សាបឹងទន្លេសាបសម្រាប់មនុស្សតជំនាន់ ទី៥៖ ដោះស្រាយបញ្ហាទិញដីនិងផ្ទះក្នុងបុរីសម្រាប់ប្រជាពលរដ្ឋ និង ទី៦៖ ត្រូវអនុវត្តគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់បេតិកភណ្ឌ ដែលយុទ្ធសាស្ត្រទាំងនេះ ជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលចង់ឲ្យប្រជាពលរដ្ឋគ្រប់រូបមានទ្រនំសុភមង្គល មានលំនៅឋានរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើមានប្រាក់ចំណូលសមរម្យ ទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា និងរស់នៅប្រកបដោយភាពសុខដុមរមនា៕