ករណីប៉ុនប៉ងឃាតកម្មដោយប្រើអាវុធកែច្នៃដើម្បីសម្លាប់អ្នកកាសែតចោលបំបិទមាត់ នៅសៀមរាបដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកស្នងការនគរបាលខេត្តសៀមរាបឥឡូវចាប់ខ្លួនជនដៃដល់បានហើយ…..! ចេញផ្សាយថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤

សៀមរាប៖ កាលពីវេលាម៉ោង ១៨:០០ នាទី ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៤ នៅត្រង់ចំណុចដីចម្ការត្រពាំងរាំង ភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប មានករណីប៉ុនប៉ងឃាតកម្មដោយការប្រើអាវុធកែច្នៃ (កាំភ្លើងឆ្នុក) ដែលបង្ករឡើងដោយជនសង្ស័យឈ្មោះ ស៊ី លឿយ ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរ កសិករ។

ជនសង្ស័យបានប្រើកាំភ្លើងឆ្នុក បាញ់ទៅលើជនរងគ្រោះឈ្មោះ ឈឿង ឈឹង ភេទប្រុស អាយុ ៦៣ ឆ្នាំ ដែលជាអ្នកយកព័ត៌មាន កម្ពុជាអភិវឌ្ឍន៍ បណ្តាលឲ្យរងរបួសធ្ងន់ត្រង់ចំហៀងខាងឆ្វេងទៅដល់ខាងស្តាំ (ដោយបៀមគ្រាប់ជាប់)។

ជនសង្ស័យសារភាពថា ករណីនេះមានមូលហេតុដោយសារជនរងគ្រោះបានទារប្រាក់ជាបន្ដបន្ទាប់ ខណៈដែលជនសង្ស័យមិនអាចបង់ប្រាក់បាន។ កំហឹងនេះបានជំរុញឲ្យជនសង្ស័យធ្វើសកម្មភាពបាញ់ដើម្បីឲ្យជនរងគ្រោះឈប់ដើរទារប្រាក់។

បន្ទាប់ពីទទួលព័ត៌មាន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានចាត់ឱ្យកម្លាំងនគរបាល ដឹកនាំដោយមន្រ្តីជាន់ខ្ពស់ចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត។ ដោយសារបច្ចេកទេស និងការងារយុទ្ធសាស្រ្តល្អ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤។

វត្ថុតាងដែលដកហូតបាន៖
1. គោយន្តកន្ត្រៃ ១

2. កាំភ្លើងឆ្នុក ១

3. កាណុងសេកាសេ ១

4. កូនកាំបិត ១

5. គ្រាប់កាំកុង ៦៤ គ្រាប់

6. សំបកគ្រាប់កាំភ្លើង ៦២ គ្រាប់

7. កូនសោលេខ ១០ ចំនួន ២

8. កាបូបស្ពាយ ១ និងរំសេវកន្លះដប។

ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនទៅអយ្យការចាត់ការតាមនីតិវិធីច្បាប់។

សមត្ថកិច្ចខេត្តសៀមរាបបានបញ្ជាក់ថា នឹងបន្តការពង្រឹងសន្តិសុខ និងការពារសិទ្ធិអត្តសញ្ញាណរបស់ប្រជាពលរដ្ឋ ដោយចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពឆ្លងច្បាប់ និងធានាបាននូវសេចក្ដីសុខសាន្តសម្រាប់សង្គមជាអាទិភាព។