សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាជីវកម្ម ឃុត រឹម

ភ្នំពេញ ៖ ដើម្បីពង្រីក និងពង្រឹងភាពជាដៃគូសហការ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ តំណាងដោយលោក ជុង សុជាតិ អនុប្រធានសមាគម ជាមួយអាជីវកម្ម ឃុត រឹម តំណាងដោយលោក ឃុត រឹម ម្ចាស់អាជីវកម្ម ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ។

អនុស្សរណៈ នៃការយោគយល់គ្នានេះ មានគោលបំណងសំខាន់ៗរួមមាន ៖ ទី១. សហការគ្នាដោយឈរលើស្មារតីភាពជាដៃគូ ដើម្បីផលប្រយោជន៍រួម ទី២. ស្វែងរកគម្រោងអភិវឌ្ឍន៍នានាដែលផ្តល់ផលប្រយោជន៍រួម ទី៣. បំពេញឲ្យគ្នានូវរាល់តម្រូវការចាំបាច់ ទៅតាមលទ្ធភាព ទី៤. រក្សាផលប្រយោជន៍ជូនគ្នាដោយភាពស្មោះត្រង់ ទី៥. រក្សាតម្លៃ កិត្តិយស កេរ្តិ៍ឈ្មោះ ផ្លូវច្បាប់ ឲ្យគ្នាទៅវិញទៅមក និងទី៦. រួមគ្នាធ្វើសកម្មភាពសង្គម មនុស្សធម៌ សាសនា ជាប្រយោជន៍ដល់ប្រទេសជាតិ៕