ឯកឧត្តម ស សុខា ផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី

ភ្នំពេញ ៖ ឆ្នាំសិក្សា២០២២-២០២៣ នេះ អាហារូបករណ៍ ស សុខា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី សម្រេចផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ៧០កន្លែង ដល់សិស្សមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សិក្សានៅសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា ការទទួលពាក្យស្នើសុំអាហារូបករណ៍ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ។ ចំណែកការចូលរៀននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ។

សេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា វគ្គសិក្សាសម្រាប់និស្សិតអាហារូបករណ៍ មាន ៤វេន ត្រូវជ្រើសរើស គឺ ៖ វគ្គថ្ងៃចន្ទ-សុក្រ វេនព្រឹក ចាប់ពីម៉ោង ៨:០០-១១:០០ព្រឹក វេនរសៀល ចាប់ពីម៉ោង ១៤:០០-១៧:០០រសៀល និងវេនយប់ ចាប់ពីម៉ោង ១៧:៣០-២០:៣០យប់ និងវគ្គសៅរ៍-អាទិត្យ ។

ចំពោះទីតាំងសិក្សា មាន ២ទីតាំង រួមមាន ៖ ទីតាំងទី១. នៅបរិវេណវត្តព្រះឥន្ទសាមគ្គី ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងទីតាំងទី២. ស្ថិតនៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម។