ពលរដ្ឋ៥០០គ្រួសារ បានទទួលអំណោយ ពីឯកឧត្តម ដួង តារា

ឧត្ដរមានជ័យ ÷ នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២២ សប្បុរសធម៌ កម្ពុជា-កូរ៉េ បានអញ្ជើញ ចុះចែកអំណោយ ជូនប្រជាពលរដ្ឋ ខ្វះខាតស្បៀងអាហារចំនួន៥០០គ្រួសារ ស្ថិតនៅ ភូមិ ដីថ្មី សន្តិភាព ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

កម្មវិធីនេះ ក្រោមអធិបតីភាព ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ។

ពលរដ្ឋក្នុង១គ្រួសារ បានទទួល អង្ករ២០គីឡូ ត្រី.ខ ១យួរ និង មី១កេស ។

យើងដឹងហើយថា កាលពីប៉ុន្មានឆ្នាំមុន គឺមានការផ្ទុះកក្រើក ពេញព្រះរាជាណាចក្រកម្ពុជា និង ក្នុងបណ្តាញសង្គម ដែលមានបុរសជនពិការ ដៃទាំងសងខាងឈ្មោះ លឹម ភា ធ្លាប់មានប្រវត្តិជូរចត់ ជីវភាពខ្វះខាត បានធ្វើការចំណាកស្រុក ទៅប្រទេសដទៃ ដើម្បីសុំទាន បន្ទាប់មកគាត់ បានវិល ត្រលប់ចូលកម្ពុជា វិញ ថែមទាំង បាន ទិញដី ជាច្រើន ហិចតា និងបានបែងចែក ជាឡូតិ៍ៗ ហើយចែកជូនដល់ពលរដ្ឋ ទីទ័លក្រ គ្មានដី គ្មានផ្ទះសម្បែង ដើម្បី ទុកសាងសង់ ជាជម្រក។

លោក លឹម ភា បានព្យាយាម ធ្វើការទំនាក់ទំនង សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស មកចូលរួម ឧបត្ថម្ភ និងដាក់ការវិនិយោគ ក្នុងគំរោង មួយនេះជាបន្តបន្ទាប់ ដើម្បី អោយមានការអភិវឌ្ឍន៍ រីកចម្រើន ក្នុងគោលបំណង ចូលរួម ជាមួយរាជរដ្ឋាភិបាល កម្ពុជា សម្រួលជីវភាព ពលរដ្ឋ ខ្មែរ អោយ ល្អប្រសើរ ។

នៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២២ដដែលនេះ លោក លឹម ភា បានបញ្ជាក់ មកកាន់អង្គភាព សារព័ត៌មានយើងអោយដឹងថា បច្ចុប្បន្នក្នុងសហគមន៍ ដែលឋិតក្រោមការគ្រប់គ្រង របស់លោក គឺ បានរៀបចំជាគំរោង បង្កើត ជាផ្សារ ,រោងចក្រ វេចខ្ចប់កសិផល,រោងចក្រ សំងួតដំឡូង , អាងចិញ្ចឹមត្រី និង ឃ្លាំងស្តុបស្រូវអង្ករផងដែរ។

សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ក្នុងសហគមន៍ ឋិតក្នុងភូមិ ដីថ្មី តេជោ សន្តិភាព ក្រោមការគ្រប់របស់លោក លឹម ភា បុរសជនពិការ គឺពិតជាមានអភិវឌ្ឍន៍ និងសន្ទុះរីកចំរើន យ៉ាងខ្លាំង ហើយមានពលរដ្ឋ មកសាងសង់ និងរស់នៅក្នុងភូមិដីថ្មីសន្តិភាព រហូតទៅដល់ ៥០០គ្រួសារ ៕