សូមឯកឧត្ដម ជា សុមេធី អភិបាលខេត្ដព្រៃវែងនិងលោកឧត្ដមសេនីយ៍ទោ ព្រុំសន្ធរ ជួយពិនិត្យមើលផងទាន តើមន្ត្រីថ្នាក់ក្រោមផ្គើមអនុសាសសម្ដេចតេជោឬទេ?

ព្រៃវែង​ ៖ លោក ម៉ុន មេ​ប៉ុស្តិ៍នគរបាលច្រករបៀងស្វាយអាង៉ោងហាក់បីដូចកំពុងបើ​កដៃ​ឱ្យជនអន្តោប្រវេសន៍លំហូរ​ចូល​មក​លេង​ល្បែង​ភ្នាល់​ដាក់​លុយ​ស៊ីសង​ខុសច្បាប់យ៉ាង​ពេញបន្ទុក ខ្លះ​អត់​ប៉ាស្ព័រ ខ្លះមានប៉ាស្ព័រដោយសេរីខណ:មេប៉ុស្តិ៍ប្រចាំច្រកហាក់កំពុងបើកដៃឱ្យចូលលេងដោយសេរី។

​ប្រភព​ពី​ប្រជាពលរដ្ឋដែលរស់នៅ​ភូមិ​រោង ឃុំ​ចាម ស្រុក​កំពង់ត្របែក បាន​បញ្ជាក់​ឱ្យដឹងថា កាស៊ីណូ​មាន​យីហោ 33 ចាប់ផ្តើម​បើក​ដំណើរការ​វិញ​ហើយសម្រុក​ឱ្យជនជាតិ​យួននិងខ្មែរចូល​លេង​ល្បែង​ច្រើន​ប្រភេទ​ដូចជា បញ្ជល់មាន់ បៀ​រ អាប៉ោង ឡុកឡាក់ ជាដើម​យ៉ាង​ពេញទំហឹង ។​

​ទន្ទឹម​នឹង​នេះ​ក៏​មាន​ជនជាតិ​យួន​ឆ្លង​ចូល​ទឹកដី​ខ្មែរ មាន​ស្ពាយ​កន្ត្រក​មាន់​មក​ជាមួយ​ដែរហើយ​សមត្ថកិច្ច​ខ្មែរ​ការពារ​ព្រំដែន​ច្រករបៀង​ព្រំដែន​ស្វាយ​អា​ង៉ោ​ងមិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ ទុក​ឱ្យលេង​យ៉ាង​ពពាក់ពពូនតាម​អំពើ​ចិត្ត​។​

​មជ្ឈដ្ឋាន​ខាងក្រៅ​បានរិះគន់​ចំៗ​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន នៅ​ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង បណ្តោយ​ឱ្យបុគ្គល​ម្ចាស់កាស៊ីណូ​មួយ​កន្លែង​នៅ​តំបន់​ច្រករបៀង​ព្រំដែន​ស្វាយ​អា​ង៉ោ​ង បើក​ឱ្យប្រជា​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​យួនចូល​លេង​ល្បែងស៊ីសង​ខុសច្បាប់យ៉ាង​គគ្រឹក​គ្រេង គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ហេតុនេះ លោក នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិមិន​គួរ​មើលរំលងភាពអសកម្ម របស់​សមត្ថកិច្ច និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋានដែលបណ្តែតបណ្តោយឱ្យមាន​ល្បែង​បញ្ជល់មាន់​ខ្នាត​ធំ ក្នុង​ទឹកដី​ខេត្តព្រៃវែង​តទៅ​ទៀត​ឡើយ​។​

​សូម្បីតែ​លោក ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្ត​ព្រៃវែងក៏​មិន​ហ៊ាន​ប៉ះពាល់​ម្ចាស់​កាស៊ីណូ​33​នៅ​ច្រករបៀង​ព្រំដែន​ស្វាយ​អា​ង៉ោងនោះដែរព្រោះ​បុគ្គល​រូបនេះអាង​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​បិទបាំង ។​

​ប្រជាពលរដ្ឋក្នុង​ឃុំ​ចាម ស្រុក​កំពង់ត្របែក បាន​អំពាវនាវ​ឱ្យថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតីរបស់​ម្ចាស់​កាស៊ីណូនៅ​តំបន់​ច្រកព្រំដែន​ស្វាយ​អា​ង៉ោង ជាបន្ទាន់ដើម្បី​ពង្រឹងសន្តិសុខសង្គម។

​ដោយហេតុ​ថា​បច្ចុប្បន្ន​ម្ចាស់​កាស៊ីណូ​នោះ​បើក​ឱ្យពលរដ្ឋ​ខ្មែរ​ពី​គ្រប់ទិសទី​ចូល​លេង​ល្បែង​យ៉ាង​គគ្រឹកគគ្រេងហើយ​លោក ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្ត​ព្រៃវែងសម្ងំ​ស្ងាត់ឈឹង​។​

​ប្រការ​នេះ​ធ្វើឱ្យប្រជាពលរដ្ឋ​មានសេចក្ដី​ទុក្ខព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​ល្បែងស៊ីសង​កំពុង​ធ្វើឱ្យកើតមាន​អំពើ​ចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ និង​បទល្មើស​ផ្សេងៗ គួរឱ្យកត់សម្គាល់ថែម​ទៀតផង​៕