ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៃសាលានគរបាលជាតិភូមិភាគ៤

ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៃសាលានគរបាលជាតិភូមិភាគ៤
សៀមរាប ÷ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាបនាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ ។
លោកឧត្តមសេនីយ៍ទោ សាយ វិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤ បានឲ្យដឹងថាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នេះ មានរយៈពេល៤ខែ ដោយចាប់ដំណើរការពីដើមខែសីហា ឆ្នាំ២០២៣នេះមក ដែលមានសិក្ខាកាមចំនួន ១៩២នាក់ ហើយតាមការពិនិត្យ និងវាយតម្លៃជាក់ស្ដែងឃើញថា សិក្ខាកាមទាំងអស់ សុទ្ធតែបានខិតខំ ប្រឹងប្រែង រៀនសូត្រយ៉ាងយកចិត្តទុកដាក់ជាទីបំផុត រហូតដល់បញ្ចប់ការសិក្សា ដោយទទួលបាននូវចំណេះដឹងនិងជំនាញវិជ្ជាជីវៈ ដើម្បីបម្រើដល់សង្គមជាតិ ឲ្យកាន់តែមានសុខសុវត្ថិភាពខ្ពស់ ។
លោកឧត្តមសេនីយ៍ទោ សាយ វិទ្ធីសក្តិ បន្តថា ហេដ្ឋារចនាសម្ព័ន្ធដែលកំពុងស្ថាបនា រួមមានផ្លូវបេតុងប្រវែង១៩០០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹកប្រវែង៥០០ម៉ែត្រ គឺជាអំណោយរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាអតីតអភិបាលខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប រីឯការចាក់ដីបំពេញក្នុងបរិវេណសាលាទាំងមូល គឺជាការជួយឧបត្ថម្ភរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភ ដើម្បីកែលម្អសោភ័ណភាពសាលាឱ្យកាន់តែប្រសើរឡើង ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអតីសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ តែងតែបានយកចិត្តទុកដាក់និង ផ្តល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងដាក់ចេញនូវផែនការកំណែទម្រង់លើកងកម្លាំងនគរបាលជាតិជាប់ជាប្រចាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបានផ្ដោតសំខាន់ទៅលើ ការធ្វើទំនើបកម្មនិងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍ សន្តិសុខជាតិនិងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាពនគរបាល ដូច្នេះក្នុងឱកាសនេះ ក៏បានណែនាំដល់ឲ្យប្អូនៗជាសិស្សនគរបាលជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សាទទួលបានជោគជ័យ និង សូមឱ្យយកចំណេះដឹងនិងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាព និងសង្គមជាតិ។
ឯកឧត្តមអតីសន្តិបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ របស់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ៤ ក្នុងយុគសម័យតេជោសន្តិភាព ដែលប្រទេសជាតិកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ដែលបំពេញបានតាមតម្រូវការនៃការបណ្តុះបណ្តាលប្រកបដោយគុណភាព ក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញ និងលើកកម្ពស់ការគោរពក្រមសីលធម៌ វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមកម្មវិធីនាយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងទស្សនវិស័យជឿនលឿន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជានិងសាលានគរបាល ជាតិភូមិភាគ៤ និង បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រសិក្សាដល់តំណាងសិស្សនគរបាលជ័យលាភីចំនួន១៥រូប និងបណ្ណថ្លែងអំណរគុណដល់សប្បុរសជនចំនួន៤រូប ផងដែរ៕