ឯកឧត្តម ស សុខា អញ្ជើញប្រគល់អំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ជូនពលរដ្ឋ ៥០០គ្រួសារ ក្នុងក្រុងបាត់ដំបង

ឯកឧត្តម ស សុខា អញ្ជើញប្រគល់អំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ជូនពលរដ្ឋ ៥០០គ្រួសារ ក្នុងក្រុងបាត់ដំបង

បាត់ដំបង ៖ ឯកឧត្តម ស សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ជូនប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ៥០០គ្រួសារ នៅក្នុងក្រុងបាត់ដំបង ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ពិសេសក្នុងបរិបទកូវីដ-១៩ ។

ឯកឧត្ដម ស សុខា ក្នុងនាមសម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការថ្លែងអំណរគុណចំពោះអស់លោក លោកស្រី មន្ត្រីរដ្ឋបាលក្រុងគ្រប់ជាន់ថ្នាក់ ជាពិសេសលោក ផេង សិទ្ធី អភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង ដែលបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំកម្មវិធីសំណេះសំណាល និងប្រគល់អំណោយជូនពលរដ្ឋទាំង ៥០០គ្រួសារនេះ ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ពិធីសំណេះសំណាល និងប្រគល់អំណោយនេះរៀបចំឡើងក្នុងគោលបំណងស្វែងយល់អំពីសុខទុក្ខ និងជួយសម្រួលការលំបាកផ្នែកជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបង្កើនទំនាក់ទំនងល្អរវាងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ឯកឧត្តម ស សុខា ក៏បានលើកឡើងអំពីផលប៉ះពាល់ដែលបន្សល់ទុកដល់វិបត្តិសកលធំៗ គឺការរាតត្បាតនៃជំងឺកូវីដ-១៩ បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសដទៃធំៗ អត្រានៃការឆ្លងជំងឺកូវីដ-១៩ នេះគឺក្នុងមួយថ្ងៃៗ រាប់ម៉ឺន រាប់សែននាក់ និងអត្រានៃការស្លាប់មានប្រទេសខ្លះ រាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ។ ផ្ទុយទៅវិញប្រទេសកម្ពុជាយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានរិះរកគ្រប់មធ្យោបាយ និងបានយកឈ្នះជាស្ថាពរលើជំងឺកូវីដ-១៩ ដែលបានទន្ទ្រាន និងលងបន្លាចកម្ពុជា អស់រយៈពេលជាងពីរឆ្នាំកន្លងទៅនេះ ។

ឯកឧត្តម ស សុខា បានបន្ថែមថា ប្រទេសកម្ពុជារបស់យើង បានវិលត្រឡប់មករកស្ថានការណ៍ដ៏ល្អប្រសើរឡើងវិញ គួរឲ្យកត់សម្គាល់។ ឯកឧត្តម ក៏បានបន្តទៀតថា បើទោះបីជាយ៉ាងណាក៏ដោយ ថ្វីត្បិតតែជំងឺកូវីដ-១៩ មកដល់ពេលនេះបានធូរស្បើយបន្តិចមែន តែសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមានការធ្វេសសប្រហែសឲ្យសោះ កុំមើលស្រាលស្ថានការណ៍ ពិសេសបងប្អូនប្រជាពលរដ្ឋដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំង និងបងប្អូនដែលបានចាក់វ៉ាក់សាំងហើយ តែមិនទាន់គ្រប់ចំនួន សូមរួសរាន់ទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្នា នៅតាមទីតាំងក្នុងមូលដ្ឋានរបស់បងប្អូនដែលកំពុងតែរស់នៅ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានផ្ដាំផ្ញើទៅកាន់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន ឲ្យអញ្ជើញទៅពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត សម្រាប់បងប្អូនដែលមិនទាន់មានឈ្មោះក្នុងបញ្ជី និងអ្នកទើបគ្រប់អាយុបោះឆ្នោត ព្រោះបញ្ជីឈ្មោះនេះមានសារៈសំខាន់ណាស់សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីនិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ៕