ឯកឧត្ដម អុិត ដារ៉ា អនុរដ្ឋលេខាធិការនៃលេខាធិការរដ្ឋានកិច្ចការព្រំដែន បានឧបត្ថម្ភកុំព្យូទ័រយួរដៃ ចំនួន២០គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
ឯកឧត្ដម អុិត ដារ៉ា ឧបត្ថម្ភកុំព្យូទ័រ ២០គ្រឿង ដល់ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ ដើម្បីរួមចំណែក ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក៏ដូចជាសម្រួលដល់ការងាររដ្ឋបាលរបស់មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម អុិត ដារ៉ា អនុរដ្ឋលេខាធិការនៃលេខាធិការរដ្ឋានកិច្ចការព្រំដែន បានឧបត្ថម្ភកុំព្យូទ័រយួរដៃ ចំនួន២០គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
ការឧបត្ថម្ភអំណោយកុំព្យូទ័រយួរដៃខាងលើ ប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយ ក្រោមការទទួលស្វាគមន៍ពីសំណាក់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំស្នងការដ្ឋាន ចំនួន០៧នាក់ទៀតផងដែរ ។
ក្នុងពិធីនេះ ឯកឧត្ដម អុិត ដារ៉ា បានមានប្រសាសន៍ សំណេះសំណាល សួរសុខទុក្ខដល់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងបានបង្ហាញពីក្តីសង្ឃឹមថា អំណោយដែលឯកឧត្ដមបានឧបត្ថម្ភនាពេលនេះ នឹងបានរួមចំណែកក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក៏ដូចជាសម្រួលដល់ការងាររដ្ឋបាល របស់កងកម្លាំងជាក់ជាមិនខាន ។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ ឯកឧត្តម អុិត ដារ៉ា អនុរដ្ឋលេខាធិការនៃលេខាធិការរដ្ឋានកិច្ចការព្រំដែន ដែលបានឧបត្ថម្ភកុំព្យូទ័រដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ប្រេីប្រាស់បំពេញការងារក្នុងការិយាល័យ ។
លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជូនពរដល់ឯកឧត្ដម និងសប្បុរសជនទាំងអស់ សូមប្រកបដោយ ពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕