ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាលថ្លែងអំណរគុណក្រុមការងាររៀបចំ”សង្ក្រាន្តបាត់ដំបង ២០២៣”

ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាលថ្លែងអំណរគុណក្រុមការងាររៀបចំ”សង្ក្រាន្តបាត់ដំបង ២០២៣”

បាត់ដំបង ៖ ល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីពិធីក្នុងសំណេះសំណាល ពិសាអាហារសាមគ្គី និងថ្លែងអំណរគុណដល់ក្រុមការងាររៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៣” របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង នៅសាលមហោស្រពស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានសម្តែងនូវការកោតសរសើរដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មការរៀបចំកម្មវិធីទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត និងធនធាន ក្នុងការរៀបចំដំណើរការព្រឹត្តិការណ៍អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ក្នុងន័យអបអរ ទទួលស្វាគមន៍ និងលើកកម្ពស់ថែរក្សាទំនៀមទន្លាប់ប្រពៃណី កេរដំណែលសម្បត្តិវប្បធម៌ជាតិ ដែលដូនតាខ្មែររបស់យើង បានបន្សល់ទុកជាច្រើនជំនាន់មកហើយ ឲ្យយុវជន យុវនារីជំនាន់ក្រោយ បានដឹង បានស្គាល់។

ជាមួយគ្នានោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា កម្មវិធីផ្សេងៗនៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលកន្លងមក ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តខេត្តបាត់ដំបង” ពិតជាមិនអាចប្រព្រឹត្តទៅប្រកបដោយជោគជ័យនោះឡើយ ប្រសិនបើពុំមានការចូលរួមចំណែកលះបង់ទាំងកម្លាំងកាយ ចិត្ត ស្មារតី រួមទាំងធនធានពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារទាំងអស់ទេនោះ ជាពិសេសបានលះបង់នូវពេលវេលាផ្ទាល់ខ្លួន និងសម្រាប់ក្រុមគ្រួសារ នាឱកាសចូលឆ្នាំថ្មី ដើម្បីបម្រើឲ្យកម្មវិធីនានាបានប្រព្រឹត្តទៅដូចការគ្រោងទុក និងទទួលបាននូវលទ្ធផលជាផ្លែផ្កាវិជ្ជមាន គួរជាទីរីករាយយ៉ាងក្រៃលែង។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ទៀតថា ការបន្តថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងប្រសិទ្ធភាព នៃការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឲ្យកម្ពុជាយើង មានឱកាសរៀបចំព្រឹត្តិការណ៍ជួបជុំផ្លូវការនានា ទាំងលក្ខណៈជាតិ និងអន្តរជាតិ រួមទាំងពិធីអបអរផ្សេងៗដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រំលេចដោយសកម្មភាពវប្បធម៌ចម្រុះ ក្នុងន័យលើកកម្ពស់ និងបណ្តុះស្មារតីស្រឡាញ់វប្បធម៌ ប្រពៃណីជាតិ ក៏ដូចជាជំរុញចលនាទេសចរណ៍ក្នុងស្រុក។ ជាក់ស្តែងក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពណៃជាតិខ្មែរ កន្លងទៅនេះ គិតត្រឹមរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរ សរុបជាង ១៣លាននាក់។ ក្នុងនោះនៅខេត្តបាត់ដំបង មានជាង ១លាន ៥សែននាក់៕