ប្រជាពលរដ្ឋជាង 300គ្រួសារ ដែលរស់នៅក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ស្នើសុំឯកឧត្តម សុខលូ អភិបាលខេត្តបាត់ដំបង

បាត់ដំបង ÷ ប្រជាពលរដ្ឋជាង 300គ្រួសារ ដែលរស់នៅក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ស្នើសុំឯកឧត្តម សុខលូ អភិបាលខេត្តបាត់ដំបង ជួយកាត់ឃ្វៀលដីគម្របព្រៃឈើដែលពួកគាត់អាស្រ័យផលជាង 10 ឆ្នាំមកហើយដើម្បីឲ្យមានសិទ្ធិកាន់កាប់ស្របច្បាប់ ព្រោះឥឡូវនេះឃើញលេចមុខក្រុមហ៊ុនចិនមួយបានអះអាងថាជាដីរបស់ក្រុមហ៊ុន ហើយធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋរាល់ថ្ងៃ ។

ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់បានអាស្រ័យផលក្នុងដីគម្របព្រៃឈើដែលស្ថិតក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាសក្រឡជាង 10 ឆ្នាំមកហើយ តែពេលនេះត្រូវបានក្រុមហ៊ុនចិនមួយ បានលេចចេញមុខមកថា ជាដីរបស់ក្រុមហ៊ុន ហើយបានធ្វើទុកបុកម្នេញប្រជាពលរដ្ឋជារៀងរាលថ្ងៃព្រមទាំងប្ដឹងប្រជាពលរដ្ឋឡើងតុលាការទៀផង ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា រាល់ថ្ងៃមានក្រុមមិនស្គាល់អត្តសញ្ញាណមួយក្រុមដែលបានអះអាងថា ជាក្រុមការងាររបស់ក្រុមហ៊ុនចិន បានដើរធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ពេលដែលប្រជាពលរដ្ឋអាស្រ័យផល គឺឃើញក្រុមពួកទាំងនោះមករករឿងពួកគាត់ មិនឲ្យអាស្រ័យផល ហើយស្រែកថាជាដីរបស់ក្រុមហ៊ុនទេ ។

លោក ចាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំដូនបា បានប្រាប់អង្គភាពសារព័ត៌មាន ថ្ងៃថ្មី នៅព្រឹកថ្ងៃទី 12 ខែឧសភាឆ្នាំ 2023 នេះថា ពិតជាមានក្រុមមិនស្គាល់អត្តសញ្ញាណមួយក្រុមបានធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋជារៀងរាល់ថ្ងៃពិតប្រាកដមែន។តែពួកគាត់បានអះអាងថាជាក្រុមការងាររបស់ក្រុមហ៊ុន ហើយបានអះអាងទៀតថាដីទាំងនោះជាដីរបស់ក្រុមហ៊ុន ចំណែកឯប្រជាពលរដ្ឋដែលគាត់អាស្រ័យផលជាង10ឆ្នាំមកហើយ មិនដែលឃើញមានក្រុមហ៊ុនណាមកអះអាងនោះទេ ទើបតែឆ្នាំ 2022 និងឆ្នាំ 2023 នេះបានឃើញលេចមុខក្រុមហ៊ុនចិនមួយ មកអះអាងថាជាដីរបស់ក្រុមហ៊ុនទៅវិញ ចំពោះបញ្ហារឿងដីធ្លីនៃលោកមិនដឹងទេ សួរខាងលោកមេភូមិ មេឃុំទៅ។

លោក ម៉ម សង មេភូមិគោករការ បានប្រាប់ថាប្រជាពលរដ្ឋបានអាស្រ័យផលលើដីគម្របព្រៃឈើនេះជាង 10 ឆ្នាំមកហើយទើបតែពេលនេះលេចមុខក្រុមហ៊ុន មកអះអាងថាជាដីរបស់ក្រុមហ៊ុន ហើយនិងមានជនមួយក្រុមដែលថាជាក្រុមការងាររបស់ក្រុមហ៊ុន បានមកធ្វើទុក្ខបុកម្នេញ ពេលប្រជាពលរដ្ឋចុះអាស្រ័យផលពិតប្រាកដមែន ហើយប្ដឹងពួកប្រជាពលរដ្ឋទៀតផង ។

លោក ចិន សំអន មេឃុំដូនបា មិនអាចសការបំភ្លឺបានទេ ដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន ។

លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានប្រាប់ថាចំពោះបញ្ហានេះក្រុមការមន្រ្តីរបស់លោក គឺចុះតាមគណៈកម្មការ ព្រោះជាដីរបស់រដ្ឋ ដីគម្របព្រៃឈើ ដូច្នេះមិនមែនជាដីកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ទេ តែប្រជាពលរដ្ឋអាស្រ័យផលជាយូរណាស់មកហើយ ដូច្នោះកម្លាំងរបស់លោកចុះសហការជាមួយគណៈកម្មការតែប៉ុណ្ណោះ ដើម្បីការពារសន្តិសុខ ក្រែងមានហេតុការណ៍ណាមួយកើតឡើង ។

លោក ញឹប សារ៉ែន អភិបាលស្រុកគាស់ក្រឡមានប្រសាសន៍នៅរសៀលថ្ងៃទី 12 ខែឧសភាឆ្នាំ 2023 វេលាម៉ោង3:33នាទី ថាដីដែលប្រជាពលរដ្ឋអាស្រ័យផលក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ មានទំនាស់ជាមួយក្រុមហ៊ុន ជាស្ថិតក្នុងគម្របព្រៃឈើ ហើយក៏បិទទូរស័ព្ទ ។

ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋសំណូមពរសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយកាត់ឃ្វៀលដីដែលពួកគាត់អាស្រ័យផលជាង 10 ឆ្នាំកន្លងមកហើយ តែស្ថិតក្នុងគម្របព្រៃឈើនៅឡើយឲ្យមានសិទ្ធិកាន់កាប់ស្របច្បាប់ផង ។

ចំពោះករណីខាងលើអង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺពីក្រុមហ៊ុនចិនរៀងរាល់ម៉ោងធ្វើការ៕