ឯកឧត្តម ស សុខា បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រតិភូ

ភ្នំពេញ ÷ រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រតិភូ បំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យសន្តិសុខសាធារណៈចិន នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសិក្សាអំពីដំណើរការបង្រៀន និងរៀន ព្រមទាំងទស្សនាសារមន្ទីររបស់សាកលវិទ្យាល័យ។

ដំណើរបំពេញទស្សនកិច្ចការងារនៃគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ធ្វើឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ទី៣០ ខែមេសា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន។

ដំណើរបំពេញទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន។

របៀបវារៈសំខាន់នៃដំណើរទស្សនកិច្ចការងារនេះ សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម វ៉ាង ស៊ាវហុង នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈ៕