កម្លាំងនគរបាល ក្រុងប៉ោយប៉ែត ធ្វើការចុះបង្ក្រាបជល់មាន់ កាស៊ីណូឆាយណាថោន ក្នុងសង្កាត់អូរឬស្សី

បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះស្រាវជ្រាវ និង ហៅម្ចាស់ទីតាំងការស៊ីណូ មកធ្វើការសួនាំ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ ដើម្បីបិទទីតាំងអាជីវកម្មមួយនេះ ។

ជុំវិញករណីនេះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជាលទ្ធផល ក្រោយចុះស្រាវជ្រាវពិនិត្យទីតាំងជាក់ស្តែង កាស៊ីណូឆាយណាថោន នៅចំនុចភូមិទួលពង្រ សង្កាត់អូរឬស្សី ជាកាស៊ីណូមានច្បាប់ និងអាជ្ញាប័ណ្ណត្រឹមត្រូវ មានបុគ្គលិកជាពលរដ្ឋខ្មែរបម្រើការងារទីនោះជាច្រើនរូប ហើយកាស៊ីណូនេះ បានបិទទ្វារមិនធ្វើអាជីវកម្មមួយរយះហើយ ដូច្នេះដើម្បីរក្សាបាននូវគុណតម្លៃអ្នកសារពត៌មាន អាជីព មានវិជ្ជាជីវ: សូមលោក លោកស្រី ម្ចាស់គេហទំព័រទ និងសារពត៌មាន កុំមានការយល់ច្រឡំបន្តទៀតអី ។

អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ស្នើដល់ លោក លោកស្រី ប្រធានអង្គភាពសារពត័មាន អ្នកសារពត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គមសូមមានក្រមសីលធម៌ និងវិជ្ជាជីវ: ធ្វើការចុះផ្សាយអ្វីមួយត្រូវប្រមូលប្រភពពត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ រិះគន់ដើម្បីស្ថាបនា ចៀសវាងមានការយល់ច្រឡំ បណ្ដាលឲ្យមានកំហុសឆ្គង ដែលនាំឲ្យប៉ះពាល់ដល់ កិត្តយស សេចក្តីថ្លៃថ្នូរ ការខិតខំប្រឹងប្រែង របសនគរបាលជាតិ និងធ្វើឲ្យសាធារណៈជនមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ ចំពោះស្ថាប័នអនុវត្តន៍ច្បាប់ ៕