សម្តេចក្រឡាហោម ស ខេង ជំរុញឲ្យក្រុមការងារយុវជន បង្កើនសកម្មភាពចុះមូលដ្ឋាន និងដោះស្រាយបញ្ហាប្រឈមនានា

សម្តេចក្រឡាហោម ស ខេង ជំរុញឲ្យក្រុមការងារយុវជន បង្កើនសកម្មភាពចុះមូលដ្ឋាន និងដោះស្រាយបញ្ហាប្រឈមនានា

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង បានជំរុញក្រុមការងារយុវជន បង្កើនសកម្មភាពចុះមូលដ្ឋានរៀងៗខ្លួន និងត្រូវដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលបានកើតឡើងកន្លងមក ហើយមិនទាន់បានដោះស្រាយ និងជំរុញការអភិវឌ្ឍមូលដ្ឋានឲ្យបានផុសផុល ដើម្បីជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ និងដើម្បីភាពជោគជ័យក្នុងការបោះឆ្នោត នាពេលខាងមុខនេះ ពិសេសចូលរួមផ្ដល់ការគាំទ្រដល់ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព តាមរយៈការគាំទ្រដល់តួអង្គសំខាន់ទាំង៥ គឺ ទី១.មេឃុំ/ចៅសង្កាត់ ទី២.ស្មៀនឃុំ/ សង្កាត់ ទី៣.នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ទី៤. ថ្នាក់ដឹកនាំភូមិ ពិសេសគឺ មេភូមិ និងទី៥.មណ្ឌលសុខភាពឃុំ/សង្កាត់។

សម្តេចក្រឡាហោម ជំរុញបែបនេះក្នុងឱកាសដែលសម្តេច និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រុមការងារយុវជនខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាភ្នំពេញ។

ថ្លែងក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានណែនាំដល់ក្រុមការយុវជន និងអ្នកពាក់ព័ន្ធទាំងអស់គ្រប់ជំនាញ ត្រូវបង្កើននូវការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់ ដោយអនុវត្តឱ្យបានតាមទិសស្លោក “ធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព” ហើយដើម្បីឆ្លើយតបទៅនឹងវឌ្ឍនភាពសង្គម ក្រុមការងារយុវជន ត្រូវបង្កើនការកសាងសមត្ថភាព ចំណេះដឹងពាក់ព័ន្ធការងារសង្គម និងនយោបាយ ហើយត្រូវមានសីលធម៌ និងអាកប្បកិរិយាល្អចំពោះប្រជាពលរដ្ឋនៅពេលចុះមូលដ្ឋាន។

សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំយុវជន បន្តស្មារតីរួបរួមគ្នា ដើម្បីថែរក្សាសុខសន្តិភាព និងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអភិវឌ្ឍកម្ពុជាយើង និងការកសាងសន្តិសុខ ប្រកបដោយភាពសុខដុម ដោយផ្អែកលើការគោរពគ្នា ការយោគយល់គ្នា ការជឿទុកចិត្តគ្ន និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក និងចូលរួមថែរក្សាសមិទ្ធផលទាំងឡាយ ដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ៕