ឯកឧត្តម ទៀ សីហា និងចាត់វិធានការចំពោះលោក ជុំ ភាព នាយសង្កាត់ជលផលកំពង់ក្ដីបើសិនបានឃុបឃិតជាមួយឈ្មួញយកដីរដ្ឋក្នុងតំបន់៣
សៀមរាប ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា ដីព្រៃលិចទឹក ក្នុងតំបន់៣នៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង កំពុងត្រូវបាន ឈ្មួញឃុបឃិតគ្នា ឈូសឆាយទន្ទ្រាន យកធ្វើជាកម្មសិទ្ធិ យ៉ាងអនាធិបតេយ្យ។ ករណីនេះ ត្រូវបានគេដាក់ការសង្ស័យថា មានការឃុបឃិត គ្នាជាមួយលោក ជុំ ភាព នាយសង្កាត់ជលផលកំពង់ក្តី ទើបឈ្មួញហ៊ានបំពាន ដោយមិនកោតក្លាយញញើតបែបនេះ។
យោងតាមប្រភពពីប្រជាពលរដ្ឋស្រុកជីក្រែង បានឲ្យដឹងថា អស់រយ:ពេលជាងបីឆ្នាំមកហើយ ដែលដីព្រៃលិចទឹក នៅចំណុចខាងត្បូងត្រពាំងដូនក្តាន់ ខាងជើងត្រពាំងដងហាក់ ស្ថិតនៅភូមិបឹង ឃុំឫស្សីលក ស្រុកជីក្រែង ត្រូវបានឈ្មោះ ភាជ ភាវ ទន្រ្ទានឈូសឆាយ យកម្តងបន្តិចៗ ដែលរហូតមកដល់ពេលនេះ មានទំហំប្រមាណជា២០ហិកតា។ ដោយឈ្មោះ ភាជ ភាវ នេះ បានសំអាងថា ដីព្រៃលិចទឹកនេះ ជាដីកេរ្តិ៍ដូនតា តាំងពីសម័យសង្គមរាស្ត្រនិយម។
ប្រភពពីពលរដ្ឋដដែល បានបន្តឲ្យដឹងថា ការលើកឡើង របស់ឈ្មោះ ភាជ ភាវ នេះ គ្រាន់តែជាលេស ប៉ុន្តែការពិត គឺជាការឃុបឃិតគ្នា រវាងលោកភាជ ភាវ និងមន្ត្រីជំនាញជលផលកំពង់ក្តី ដែលមាន លោក ជុំ ភាព ជានាយសង្កាត់ ទើបការឈូសឆាយបានដោយលូន។
ពាក់ព័ន្ធនឹងករណី ខាងលើនេះ លោកស្រី សែន សុផល មេឃុំឫស្សីលក ឲ្យប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីធ្លាប់បានហៅលោក ភាជ ភាវ មកអប់រំ ដែរ តែលោក ភាជ ភាវ មិនព្រមស្ដាប់ ដោយនិយាយបញ្ច្រាស មកវិញថា ដីទីនោះ គឺជាដីកេរ្តិ៍ មរតក របស់ដូនតា របស់ខ្លួនតាំងពីសម័យរាស្ត្រនិយម មកម្ល៉េះ។
លោកស្រីបានបន្តទៀតថា អ្នកស្រី ធ្លាប់ហៅ ប្រជាពលរដ្ឋ មកប្រជុំអប់រំ ហាមប្រជាពលរដ្ឋ កុំឲ្យទន្រ្ទាន ដីព្រៃលិចទឹកទាំងនោះ ព្រោះដីព្រៃលិចទឹកទាំងនោះ បច្ចុប្បន្នគឺជាដីរបស់រដ្ឋ ទើបគ្មានប្រជាពលរដ្ឋ ណាហ៊ាន ទន្ទ្រាន លើកលែងតែ លោក ភាជ ភាវ នេះម្នាក់ប៉ុណ្ណោះ ដែលនៅបន្តសកម្មភាព។
បើទោះយ៉ាងនេះក្តី អ្នកស្រីមេឃុំ បានអះអាងថា អ្នកស្រីធ្លាប់បានឃើញលោក ជុំ ភាព នាយសង្កាត់រដ្ឋបាលជលលផលកំពង់ក្តី ធ្លាប់ទៅកន្លែងដី ដែល លោកភាជ ភាវ ទន្ទ្រានជាញឹកញ៉ាប់ ប៉ុន្តែលោក ភាជ ភាវ នៅតែបង្កបង្កើនផល បានដដែល។
រីឯលោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែងអង្គភាពយើងមិនអាចនឹងសុំការបំភ្លឺពីលោកបាននោះទេខណៈដែលលោក ពៅ ប៊ុនធឿន បានប្រឡុកលេខទូរសព្ទមិនឲ្យទំនាក់ទំនងដើម្បីសួរនាំពាក់ព័ន្ធនឹងបញ្ហាបទល្មើសឬបញ្ហាផ្សេងៗនៅក្នុងស្រុកជីក្រែង
ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ថាលោកនឹងចាត់វិធានការចំពោះបុគ្គលណាដែលបានឃុបឃិតគ្នាទន្ទ្រានយកដីរដ្ឋធ្វើជាដីកម្មសិទ្ធឯកជន ៕